Wednesday, September 6, 2017

Chemical affects on daily foods | សារធាតុគីមីនិង​ចំណីអាហារ

មិន​ថា​ម្ហូបអាហារ​ផលិត​តាម​បែប​ឧស្សាហកម្ម​ ឬ​ម្ហូប​អាហារ​​ដាក់​លក់​តាម​ផ្សារ​ ធ្វើ​ដោយ​ចុង​ភៅ​តាម​ហាង ឬ​តាម​គ្រួសារ​ទេ សុទ្ធ​តែ​មាន​ដាក់​លា... thumbnail 1 summary
មិន​ថា​ម្ហូបអាហារ​ផលិត​តាម​បែប​ឧស្សាហកម្ម​ ឬ​ម្ហូប​អាហារ​​ដាក់​លក់​តាម​ផ្សារ​ ធ្វើ​ដោយ​ចុង​ភៅ​តាម​ហាង ឬ​តាម​គ្រួសារ​ទេ សុទ្ធ​តែ​មាន​ដាក់​លាយ​ទៅ​ដោយ​សារធាតុ​គីមី ស្ទើរ​តែ​ទាំង​អស់ គ្រាន់​ខ្លះ​តិច​ ខ្លះ​ច្រើន​តែ​ប៉ុណ្ណោះ។ សារធាតុគីមី​ មាន​ច្រើន​យ៉ាង និងច្រើន​​ប្រភេទ។ ជា​សារធាតុ​គីមី​បែប​ធម្មជាតិ និង​សារធាតុ​គីមី​ផលិត​ដោយ​មនុស្ស។ 
តើ​គេ​ប្រើ​ប្រាស់​សារធាតុ​គីមី​ ក្នុងម្ហូប​​អាហារ​ ដើម្បី​អ្វី ? 
សារធាតុគីមី​នោះ​អាច​បង្ក​គ្រោះ​ថ្នាក់ និង​ផល​វិបាក​ដល់​សុខ​ភាព​យ៉ាង​ខ្លះ ? 


សូម​អញ្ជើញ​ស្តាប់​បទអន្តរាគមន៍​របស់​ លោក ជៀប គិមហ៊ាង វិស្វករ​ផ្នែក​កសិកម្ម​និង​ចំណីអាហារ​ នៅ​ប្រទេស​បារាំង តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​អៀង សុខម៉ិញ។
Source: នាទីសុខភាពនិងអនាម័យ ដោយអៀង សុខម៉ិញ @RFI

Benefits of Avocado | គុណប្រយោជន៍​នៃ​ផ្លែប៊ឺរ

ផ្លែប៊ឺរ ជា​ផ្លែឈើ​ដ៏ពេញនិយម​ខ្លាំង នៅ​ប្រទេស​កម្ពុជា​យើង​ នា​រយៈកាលប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ប៉ុណ្ណោះ។ ​រុក្ខជាតិ​ស៊ីផ្លែ​មួយ​នេះ មាន... thumbnail 1 summary

ផ្លែប៊ឺរ ជា​ផ្លែឈើ​ដ៏ពេញនិយម​ខ្លាំង នៅ​ប្រទេស​កម្ពុជា​យើង​ នា​រយៈកាលប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ប៉ុណ្ណោះ។ ​រុក្ខជាតិ​ស៊ីផ្លែ​មួយ​នេះ មាន​ប្រភព​មក​ពីណា ?​ ហេតុអ្វី​បាន​អ្នក​​ឯកទេស​ចំណីអាហារ​ ណែនាំ​ឱ្យ​បរិភោគ​ផ្លែប៊ឺរនេះ ? តើ​វា​មាន​គុណ​ប្រយោជន៍​យ៉ាង​ណា​ខ្លះ​សម្រាប់​សុខភាព ?

ផ្លែប៊ឺរ គឺ​រុក្ខជាតិ​ស៊ីផ្លែ មានដើម​កំណើត​និង​ប្រភព​ដើម​ដុះ​ដាល​នៅក្នុង​ប្រទេស​ម៉ិចស៊ិក មុន​នឹង​រីក​រាល​ដាល​ដាំដុះ​នៅ​ពេញ​ពិភពលោក​។ ពលរដ្ឋ​ម៉ិចស៊ិក​យក​ផ្លែប៊ឺរ​នេះ សម្រាប់​ធ្វើ​ជា​ម្ហូប​អាហារ ទាំង​ផ្លែ​ ទាំង​ស្លឹក។ ចំណែក​ពលរដ្ឋ​អាមេរិក ប្រើសម្រាប់​មូរ​ធ្វើ​ជា​ស៊ូស៊ី ប្រេស៊ីល​យកមក​ធ្វើ​បង្អែម បារាំង​ប្រើ​ជា​ញាំ-អាហារ​បន្ទាប់​បន្សំ ម៉ារ៉ុក​មក​ផ្លែប៊ឺរ​មក​ធ្វើ​ជា​ភេសជ្ជៈ​ ....
ខ្លះ​មូល​ខ្លាំង ខ្លះ​រាង​ទ្រវែង ​មាន​គ្រាប់​តែ​មួយ និង​សាច់​ទន់​ ផ្លែប៊ឺរ មាន​ផ្ទុក​ពេញ​ទៅ​ដោយ​កាឡូរី និង​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ ហើយ​បូក​ផ្សំ​នឹង​សណ្ឋាន​សាច់​ទៀត ទើប​ខ្មែរ​យើង​ដាក់​ឈ្មោះ​ថា​ប៊ឺរ ដោយ​គិត​ដល់​ប៊ឺរ​បារាំង។
 
ប៉ុន្តែ​ទោះ​បី​ជា​មាន​ផ្ទុក​កាឡូរីច្រើន​ មាន​សារជាតិ​ខ្លាញ់​យ៉ាង​សម្បូរបែប​ក៏ដោយ ក៏​គេ​សង្កេត​ឃើញ​ថា​ ការ​បរិភោគ​ផ្លែប៊ឺរ​នេះ​ច្រើន មិន​បានប៉ះពាល់​ដល់​សុខភាពទេ គឺ​មាន​តែ​ផ្តល់​ប្រយោជន៍ដល់​សុខភាព​​ និង​ថែម​ទាំង​បាន​ចូល​រួម​ចំណែក​សម្រួល​អត្រា​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ឱ្យ​បាន​​ប្រសើរ​ឡើង ដោយចេះ​បែង​ចែក ​បង្កើន​ជាតិ​កូឡេស្តេរ៉ូល​ល្អ​ និង​បញ្ចុះ​កូឡេស្តេរ៉ូល​អាក្រក់។ ជាង​នេះ​ទៀត ផ្លែប៊ឺរ​​ជា​ផ្លែឈើ​ស្រស់​មាន​ផ្ទុក​សារធាតុ​ស្ករ​ក្លុយស៊ីត​ តែ២ក្រាម​ក្នុង​១០០ក្រាម​ផ្លែឈើ តិច​ជាង​ផ្លែឈើ​ស៊ី​ផ្លែ​ស្រស់​ដទៃ​ផ្សេង​ទៀត ដែល​មាន​​ជា​មធ្យម ដល់​ទៅ​១០ក្រាម ក្នុង​ផ្លែឈើ​ទម្ងន់​១ខាំ។
 
ផ្លែ​ប៊ឺរ សម្បូរ​ខ្លាញ់​តែ​ល្អ
 
ផ្លែ​ប៊ឺរ​គឺ​ជាអាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់​បំផុត ! ខ្ពស់​ជាង​ផ្លែឈើ​ដទៃ និង​ជា​អាហារ​ដ៏​ប្រពៃ​បំផុត​សម្រាប់​អ្នក​ដែល​ចង់​តម ធ្វើ​របប​អាហារ​​ដើម្បី​សុខភាព។ ជាមួយ​នឹង​កំរិតជាតិ​កាឡូរី ខ្ពស់ អត្រា​ជាតិ​ខ្លាញ់​ច្រើន មាន​កំរិត​អាហារូបត្ថម្ភ​ខ្ពស់ ផ្លែប៊ឺរ​គួរ​តែ​ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ក្នុង​បញ្ជី​ខ្មៅ នៃ​ក្រុម​អាហារ​គ្រោះ​ថ្នាក់ ឬ​គួរ​ឱ្យ​ចៀសវាង តែ​នេះ​ជា​គំនិត​ខុស​ស្រលះ ! អ្នកឯកទេស​ និង​អ្នកជំនាញ​ផ្នែក​របប​អាហារ​សម័យ​បច្ចុប្បន្ន​បែរ​ជា​ណែនាំ និង​បង្ហាត់​បង្រៀន​​យើង​ឱ្យ​ស្គាល់ និង​ចូល​ចិត្ត​ទទួល​អាហារ​ផ្លែប៊ឺរ​ទៅ​វិញ​ ព្រោះ​ជា​អាហារ​ដែល​ល្អ​ឥតខ្ចោះ​សម្រាប់​សុខភាព មិន​គួរ​មើល​​រំលង​ និង​ខក​ខាន​មិន​បរិភោគ​ឡើយ។
 
ផ្លែប៊ឺរ គឺ​ជាប្រភព​ផ្គត់​ផ្គង់​​សារធាតុ​ប៉ូតាស្យូម ហ្វូឡាត អាស៊ីតបង់កូតេនិក (វីតាមីន​បេ៥) និង​ក្លុយតាលីយ៉ុង។​ ជាពិសេស​ទៅ​ទៀត ផ្លែប៊ឺរ សម្បូរ​ខ្លាំង ណាស់​ទៅ​ដោយ​សារធាតុ​សរសៃ និង​សារធាតុ​ខ្លាញ់មិន​ឆ្អែត Mono-insaturé ដែល​ល្អ​បំផុត​សម្រាប់​សរីរាង្គកាយ​មនុស្ស។
 
រក្សាទម្ងន់
 
ផ្លែប៊ឺរ មួយ​ផ្លែ​ផ្តល់​ជាតិ​អាស៊ីត​ខ្លាញ់​ អូមេហ្កា 9 ដល់​ទៅ​៣០ក្រាម។ អាស៊ីតខ្លាញ់​អូមេហ្កា៩​នេះ ជា​ប្រភេទ​ខ្លាញ់​ដែលជា​អ្នក​ចាត់​ចែង​ផ្តល់​​អាការៈ​ឃ្លាន​ និង​ចំណង់​អាហារ​ផ្សេងៗ។ ផ្លែ​ប៊ឺរ​ អាច​ជួយ​ថ្លើម​​​ឱ្យ​​បំផ្លែងសារធាតុ​ខ្លាញ់​រួច​រំលាយ​ចោល​បាន​យ៉ាងមាន​ប្រសិទ្ធិភាព។ ការសិក្សា​របស់​សកលវិទ្យាល័យ​ Riverside នៅ California​ បាន​បង្ហាញ​របក​គំឃើញ​​របស់​ខ្លួន​ថា គេ​អាចស្រក​ទម្ងន់​បាន​ដល់​ទៅ ៥​គីឡូក្រាម​ក្នុង​របស់​ពេល​ពីរ​ខែ ដោយ​គ្រាន់​តែ​ទទួល​ទាន​ផ្លែប៊ឺរ ក្នុង​មួយ​ថ្ងៃ​មួយ​ផ្លែ ដោយ​ទៀត​ទាត់ និង​ដោយ​មិន​ខ្វល់​ខ្វាយ​គិត​គូរ​អំពីរបប​អាហារ​ ទាក់ទង​នឹង​​បរិមាណ​​នៃ​ការ​ទទួល​ទាន​អាហារ​ដើម្បី​តម្រឹម​ជាតិកាឡូរី។
 
ការពារ​ប្រឆាំង​នឹង​អាការៈ​រោគ​ទឹក​នោម​ផ្អែម និង​ជំងឺ​មេតាបូលិក
 
ចង្កេះ ត្រកៀក រីក ជា​រៀង​រាល់​ថ្ងៃ ដែល​ស្ត្រី​ទាំង​ឡាយ​មិន​ចង់​ជួប មិន​ចង់​ឃើញ​សោះ​នោះ គឺ​ជា​ផលវិបាក​មួយ ក្នុង​ចំណោម​ផលវិបាក​ជា​ច្រើន​ ផ្សេង​ទៀត ដែល​ឈាន​ទៅ​ជួ​បគ្រោះ​មាន​អាការៈសញ្ញា​ X ឬ​អាការៈ​សញ្ញា​នៃ​ជំងឺ​មេតាបូលិក។ ពាក្យ​ថា​ជំងឺ​មេតាបូលិក គឺ​ចង់​ដំដៅ​លើ​កត្តា​គ្រោះថ្នាក់​ជា​ច្រើន​ចំពោះ​សុខភាព ដែល​បង្កើន​ហានិភ័យ​​ឱ្យ​បុគ្គល​ម្នកា់​អាច​វិវត្ត​ទៅ​រក​គ្រោះ​កើត​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ ឬ​ជំងឺ​ទឹក​នោម​ផ្អែម។ ដូច្នេះ​បញ្ចៀស​គ្រោះ​ហានិភ័យ​នេះ ដំណោះស្រាយ​មួយ​ដែល​ប្រសើរ​បំផុត និង​គ្មាន​ចំណាយ​​ថវិកា​ច្រើន គឺ​ការ​ទទួល​ទាន​​ផ្លែប៊ឺរ ជា​ប្រចាំ។ ព្រោះ​ផ្លែ​នេះ ជា​ថ្មី​ម្តង​ទៀត មាន​ផ្ទុក​សារធាតុ​ខ្លាញ់ Mono-insaturé ខ្លាញ់​ដែល​ជា​អាស៊ីត​អូឡេស៊ីត ចាំ​បាច់​បំផុត​សំរាប់​មនុស្ស​លោក ក្នុង​ការ​ធ្វើ​ឱ្យប្រសើរ​ឡើង​នូវ​អត្រា​លីពីត​ក្នុង​សរីរាង្គ​កាយ និង​ដែល​ចូល​ចំណែក​​ការពារ​ខ្លាញ់​មិន​ទៅ​កក​ផ្តុំ​នៅ​ម្តុំ​ពោះ។
 
ការពារ​បេះដូង​និង​សរសៃឈាម​បេះដូង
 
អាស៊ីត​អូឡេស៊ីត ក៏​មាន​ចំណែក​ជា​អ្នកចាត់​ចែង​បញ្ចុះ និង​ដំឡើង​អត្រា​កូឡេស្តេរ៉ូល​ទៀត។ វា​នឹង​ទៅ​បញ្ចុះ​កូឡេស្តេរ៉ូល​LDL មិន​ល្អ ហើយ​ចេះ​ទៅ​ដំឡើង​កំរិត​អត្រា​កូឡេស្តេរ៉ូល​ល្អ HDL។ បូក​ផ្សំ​នឹង​​សារធាតុ​សរសៃ​ដ៏​សម្បូរ​បែប​​ទៀត​ ផ្លែប៊ឺរ​ដើរ​តួនាទី​ជា​អ្នក​បញ្ចុះ​អត្រា​កូឡេស្តេរ៉ូល​ យ៉ាង​មាន​ប្រសិទ្ធិភាព។ សូម​បញ្ជាក់​ថា សារធាតុ​សរសៃ​ ជា​អ្នក​បង្កើន​បរិមាណ​សំណល់ (លាមក) ដែល​ជំរុញ​ឱ្យ​ឆាប់​មាន​ការ​បញ្ចេញ​ចោល។ នៅ​ពេល​បន្ទោរបង់ ជាតិកូឡេស្តេរ៉ូល​ក៏​ចេញ​អស់​ពី​ខ្លួន​ទៅ​តាម​នោះ​ដែរ។
 
ម្យ៉ាង​វិញ​ទៀត ការសិក្សា​តែង​បាន​បង្ហាញ​ថា បុគ្គលណា​បាន​ទទួល​ទាន​អាហារ​មាន​ជាតិ​ប៉ូតាស្យូម​ច្រើន មិន​សូវ​មាន​អាការៈ​​លើស​ឈាម និង​អាការៈ​ផ្សេងៗ​ទៀត​ដែល​មាន​ពាក់​ព័ន្ធ​នឹង​បញ្ហា​សម្ពាធ​ឈាម​ ដូច​ជាវិបត្តិ​បេះដូង និង​ការ​ស្ទះ​ឬ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ទេ​។ ចុះ​សួរ​ថា​តើ​ទៅ​រក​ជាតិ​ប៉ូតាស្យូម​នៅឯណា​មក​បរិភោគ ?! ចម្លើយ​គឺ​ផ្លែប៊ឺរ​នេះ​ឯង ! ផ្លែប៊ឺរ​មួយ​ចំហៀង អាច​ផ្តល់​ជាតិ​ប៉ូតាស្យូម​ប្រមាណ​ដល់​ទោ ៥៥០​មីល្លីក្រាម ពោល​គឺ ១៥%​លើស​ផ្លែ​ចេក​មួយ​ផ្លែ​ទៀត។
 
ផ្តល់​ថាមពល​ និង​ប្រឆាំង​ស្ត្រេស
 
វីតាមីន​បេ-៥ ឬ​អាស៊ីត បង់តូតេនិក ដ៏​សម្បូរ​បែប​ក្នុង​ផ្លែប៊ឺរ ម៉ាញេស្យូម​ និង​ប៉ូតាស្យូម​ បូក​បញ្ចូល​ បាន​ធ្វើ​ឱ្យ​ផ្លែប៊ឺរ ក្លាយ​ជា​អាវុធ​ដ៏​ពិសេស​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​អាការៈ​ស្ត្រេស ហើយ​ថែម​ទាំង​បាន​ផ្សព្វផ្សាយ​បញ្ចៀប​ថាមពល​ ដល់​ខ្លួន​ប្រាណ​ទៀត។
 
វីតាមីន​បេ-៥ មាន​តួនាទី​ជា​អ្នក​រំដោះ​អ័រមូន​ដែល​សម្រួល​ដល់​ការ​នាំ​អុកស៊ីសែន​ទៅ​ចិញ្ចឹម​កោសិកា​បេះដូង​និង​ខួរ​ក្បាល ព្រមទាំង​អាច​ជួយ​កាត់​បនថយ​កំរិត​កង្វល់​ថប់​អារម្មណ៍។ ចំណែក​ម៉ាញេស្យូម​និង​ប៉ូតាស្យូម​វិញ មាន​សមត្ថភាព​ធ្វើ​សកម្មភាព​លើ​សល់ផល​នៃ​ជាតិសូឌីយ៉ូម​របស់​សរីរាង្គកាយ​ និង​ធ្វើ​ឱ្យ​រលូន​ឡើងនូវ​ការ​បំផ្លែង​ជាតិ​ស្ករ​ក្លុយកូស ទៅ​ជា​ថាមពល។
 
ជាតិ​ហ្វូឡាត របស់​ផ្លែប៊ឺរ បាន​ធ្វើ​ឱ្យ​ផ្លែ​ឈើ​មួយ​មុខ​នេះ​ក្លាយ​ជា​អាហារ​ដ៏​ចាំបាច់​បំផុត​​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ និង​ស្ត្រី​ចង់​មានគ៌ភគ្រប់​រូប ក៏​ដូច​ជា​ជន​ស្រីប្រុស​ដទៃ​ទៀត​ដែល​បារម្ភ​ខ្លាច​ទទួល​ទាន​អាហារ​មិន​គ្រប់គ្រាន់ សម្រាប់​ជំនួយ​ប្រព័ន្ធ​ប្រសាទ​ និង​សរសៃ​ឈាម​បេះដូង។ ជាតិ​ហ្វូឡាត ឬ​អំបិល​អាស៊ីត ហ្វូឡាត ឬ​វីតាមីន បេ-៩ ជា​ជំនួយ​ការ​ដ៏​ពិសេស​ផ្នែកការពារការ​បង្ក​កំណើត​កូន​ និង​កកើត​នៃ​អំប្រ៊ីយ៉ុង​កូន ព្រមទាំង​ការ​លូតលាស់​របស់​ទារក​ក្នុងផ្ទៃ កុំ​ឱ្យ​ជួប​គ្រោះ​លូត​លាស់​មិន​ត្រឹម​ត្រូវ មិន​គ្រប់​លក្ខណៈ ប៉ះពាល់​ដល់​ខួរ​ក្បាល​និង​ឆ្អឹង​កង​ខ្នង។
 
ដូច​ជា​ផ្លែ​ឈើ​ផ្សេងៗ​ទៀត​ដែរ​ ដែល​មាន​ផ្ទុក​ច្រើន​ទៅ​ដោយ​សារធាតុ​ក្លុតាលីយ៉ុង ឬ​អង់ទីអុកស៊ីដង់ ផ្លែប៊ឺរ​ចូល​រួច​ចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការកាត់​បន្ថយ​ភាព​ចាស់​នៃ​កោសិកា ដែល​បង្ក​ឡើង​ដោយ​សារ​សារធាតុ​ពុល​ក្នុង​សរីរាង្គ​កាយ។ មាន​ន័យ​ប្រសិន​បើ​អ្នក​បរិភោគ​ផ្លៃប៊ឺរ​ច្រើន គឺ​ដូច​ជា​បាន​​លេប​ថ្នាំ​ការពារ​កុំ​ឱ្យ​ឆាប់​ចាស់។ ប៉ុន្តែ​ក្នុង​ករណី អ្នក​មាន​ទទួលទាន​ថ្នាំ នឹងជំងឺ​​ឈាម​ក្រកក​ គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ សិន​មុន​នឹង​ទទួល​ផ្លែប៊ឺរ ដើម្បី​កុំ​ឱ្យ​ថ្នាំ​បាត់​បង់​ប្រសិទ្ធិភាព។ ជា​ទូទៅ ទទួល​ទាន​ផ្លែប៊ឺរ​មួយ​ចំហៀង​ក្នុង​មួយ​ថ្ងៃ អាច​ទាញ​ប្រយោជន៍​ដល់​សុខភាព​បាន​ហើយ៕

Source:នាទីសុខភាពនិងអនាម័យ ដោយ 

Benefit of Coffee​ | គុណប្រយោជន៍នៃកាហ្វេ

កាហ្វេ​ ពិត​ជា​ផ្តល់​ផល​ល្អ​ដល់​សុខភាព​មែន​ឬ ? ប្រហែល​ជា​មែន ! នេះ​បើ​តាម​ចម្លើយ​របស់​ក្រុមអ្នកស្រាវ​ជ្រាវ មួយ​ភាគ​ធំ ដែល​គ្រាន់​តែ​មួយ​ឆ្នា... thumbnail 1 summary
កាហ្វេ​ ពិត​ជា​ផ្តល់​ផល​ល្អ​ដល់​សុខភាព​មែន​ឬ ? ប្រហែល​ជា​មែន ! នេះ​បើ​តាម​ចម្លើយ​របស់​ក្រុមអ្នកស្រាវ​ជ្រាវ មួយ​ភាគ​ធំ ដែល​គ្រាន់​តែ​មួយ​ឆ្នាំ ២០១២ បាន​ចេញ​ផ្សាយ​របាយការណ៍​​នៃ​ការ​សិក្សា​ចំនួន​១៥០​។ ផល​ប្រយោជន៍​ល្អ​ចំពោះ​សុខភាព​ ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​មាន​ច្រើន​ចំពោះ​អ្នក​ចេះ​ទទួល​ទាន​កាហ្វេ​ ក្នុង​បរិមាណ​សមរម្យ។

ផលល្អ​របស់​កាហ្វេ​ ចំពោះ​សុខភាព​មានជាអាទិ៍ ៖ ​ឥទ្ធិពល​ជា​វិជ្ជមាន​ប្រឆាំង​នឹង​ជំងឺ​សរសៃឈាម​បេះដូង ជំងឺ​មហារីក​​ប្រព័ន្ធ​រំលាយ​អាហារ ទឹក​នោម​ផ្អែម​ប្រភេទ​ទីពីរ ជំងឺ​វង្វេងវង្វាន់ ភ្នែកស្ងួត ឬ​​ជំងឺ​ញ័រ។ កាហ្វេ​អាច​ថែម​ទាំង​ជួយ​កាត់​បន្ថយ​គ្រោះ​មរណៈ​ ​ បាន​១០% របស់​មនុស្ស​ពេញ​វ័យ​អាយុ​ចាប់​ពី ៥០​ទៅ ៧១ឆ្នាំ ដែល​​បរិភោគ​កាហ្វេ​បី​ពែង​ក្នុង​មួយ​ថ្ងៃ (បើ​ប្រៀប​ទៅ​នឹង​អ្នក​មិនបរិភោគ​កាហ្វេសោះ)។ នេះ​បើ​យោង​តាម​ការ​សិក្សា​របស់​វិទ្យាស្ថាន​ជាតិ​អាមេរិក​ប្រឆាំងនឹង​ជំងឺ​មហារីក លើមនុស្ស ៤០០០០០​នាក់។

ប៉ុន្តែ​កាហ្វេ ភេសជ្ជៈ​ដែល​មនុស្ស​ទូទៅ​ទទួល​ច្រើន​ជាង​គេ​បន្ទាប់​ពី​ទឹក មាន​ឈ្មោះ​មិន​ល្អ​ប៉ុន្មាន​ទេ។ គ្រប់​គ្នា​តែង​យល់​ថា​ការបរិភោគ​កាហ្វេខ្មៅ​ច្រើន​ នឹង​ផ្តល់​ផល​អាក្រក់ ដូច​ពាក្យ​ស្លោក​ ធ្វើ​អ្វី​ក៏​ដោយ​ឱ្យ​តែ​ជ្រុល​ គឺ​មិន​ល្អទេ ! រូបភាព​អាក្រក់​របស់​កាហ្វេ គឺនាំ​ឱ្យ​ខូច​បេះដូង រលាក​ក្រពះ​ រំខាន​ដំណេក មហារីក​ផ្លោក​នោម ឬ​មាន​ឥទ្ធិពល​អាក្រក់​លើកូន​ក្នុង​ផ្ទៃ ។ល។ និង​។ល។ ប៉ុន្តែ​ជាង​ម្ភៃ​ឆ្នាំ​មក​ហើយ ដែលការ​ភ័យ​ព្រួយ​ ទាំង​អំបាល​ម៉ាន​នេះ ត្រូវ​រលប់​ចេញ ជាបណ្តើរៗ បន្ទាប់​ពី​មាន​ការ​សិក្សា​កាន់​តែ​ច្រើន​ឡើងៗ ​បង្ហាញ តែ​ផល​ល្អ​របស់​កាហ្វេ ប្រសិន​បើ​បរិភោគ​​ ជាតិ​កាហ្វេអ៊ីន ប្រមាណ​ពី​២០០​ទៅ​៣០០​មីលី្លក្រាម​ ក្នុង​មួយ​ថ្ងៃ។

« មានរសជាតិនិង​ក្លិនឈ្ងុយឆ្ងាញ់ ប៉ុន្តែ​មាន​ឈ្មោះ​អាក្រក់”​។ នៅ​តាម​តៀម​កាហ្វេ​ គ្រប់គ្នា​សុទ្ធ​តែ​យល់​ថា​កាហ្វេ​មិន​ល្អ​ចំពោះ​បេះ​ដូង​ ក្រពះ និង​ដំណេក តែ​តាម​ពិត​កាហ្វេ​មិន​ផ្តល់​ផល​អាក្រក់​អ្វី​ដល់​សុខភាព​ទេ។ ការសិក្សា​ដ៏​ធំ​មួយ​របស់​អាមេរិក​ដែល​ប្រៀបធៀប​​អត្រា​មរណៈ​ បង្ហាញ​ថា អ្នក​ផឹក​កាហ្វេ​រងគ្រោះ​កើត​ជំងឺ​សរសែឈាម​បេះដូង ជំងឺ​បេះដូង ទឹកនោម​ផ្អែម​ ជំងឺ​ផ្លូវ​ដង្ហើម​ និង​ជំងឺ​បង្ក​រោគ​ តិច​ជាង​អ្នក​មិន​ផឹក​កាហ្វេ។ ថ្វីត្បិត​តែ​អ្នក​ស្រាវជ្រាវ​មិនទាន់​​ស្គាល់​យន្តការ​ច្បាស់​លាស់​ក៏ដោយ ក៏​គេ​បាន​ដឹង​ថា​ សារធាតុ​កាហ្វេអ៊ីន មាន​ប្រតិកម្ម​លើ​ប្រព័ន្ធ​ខួរ​ក្បាល​ Recepteur ដែល​ទទួល​ដឹង​ព័ត៌មាន​អ្វី​មួយ ដោយ​បាន​នាំ​សារធាតុ​អង់ទីអុកស៊ីដង់​ ដែល​ជា​ភស្តុតាង​បញ្ជាក់​គុណ​ប្រយោជន៍​នៃ​កាហ្វេ​ចំពោះខួរ​ក្បាល​។ កាហ្វេផ្តល់​គុណ​ប្រយោជន៍ ល្គិក​ណា​អ្នក​បរិភោគ​ក្នុង​បរិមាណ កាហ្វេ​ខ្មៅ អត់​ដាក់​ស្ករ អត់​ដាក់​ដាក់​ទឹកកក ៤​ទៅ ៥​ពែង ក្នុង​មួយ​ថ្ងៃ និង​ដោយ​មិន​ជក់​បារី។ »​

ការ​សិក្សា​ស្រាវជ្រាវ​ថ្មីៗ​របស់​សហរដ្ឋ​អាមេរិក ទើប​ចេញ​ផ្សាយ​នៅ​សប្តាហ៍​មុន បាន​រក​ឃើញ​បន្ថែម​ទៀតថា ទោះ​ក្នុង​កំរិត​ច្រើនបន្តិចក្តី​ក៏​កាហ្វេ​អាច​ជួយ​សុខភាព​បាន​ច្រើន។ ការ​ស្រាវជ្រាវ​កំពុង​បន្ត​សិក្សា​លើ​ឥទ្ធិពល​របស់​កាហ្វេ​ចំពោះ​ ជំងឺប្រព័ន្ធ​ប្រសាទ មាន​ជា​អាទិ៍​ជំងឺ​វង្វេងវង្វាន់ Alzeimer​ និង​ជំងឺ​ Parkinson ញ័រដៃញ័រជើង។

​តើ​កាហ្វេ​ជា​អ្វី ? 

បន្ទាប់​ពី​ទឹក គេ​អាច​និយាយ​បាន​ គឺ​កាហ្វេនេះ​ឯង​ដែល​មនុស្ស​ទូទៅ​បរិភោគ​ច្រើន​ជាង​គេ នៅ​លើពិភពលោក។ មាន​ប្រទេស​ជាង​៧០​ធ្វើ​កសិកម្ម​ដាំ​ដើម​កាហ្វេ តែ​ប្រេស៊ីល​និង​កូឡុំប៊ី មាន​ឈ្មោះ​ល្បី​ជាង​ខាង​​​ផលិត​ផល​កាហ្វេ​នេះ។ ដំណាំ​កាហ្វេល្អ​​ ត្រូវ​ការ​លូតលាស់​ជាមួយ​អាកាសធាតុ​ជា​ពិសេស​ កម្តៅ​ត្រឹម​រវាង​ពី ២០​ទៅ​២៥​ដឺក្រេ ពន្លឺ​ព្រះអាទិត្យ​ មិន​ចែង​ចាំ​ចំខ្លាំង។ ជា​កូន​ដើម​ឈើ​តូចៗ​ម្យ៉ាង មាន​ផ្កា​និង​​​ផ្លែនៅ​នឹង​មែក ដែ​ល​ក្រោយ​មក​ក្លាយ​ជា​​​គ្រាប់​កាហ្វេ។
កាហ្វេ​មាន​ពីរ​ប្រភេទ ៖

-          កាហ្វេ អារ៉ាប៊ីកា តំណាង​៧៥%​នៃ​ផលិត​ផល​កាហ្វេ​នៅ​លើ​ពិភពលោក។ មាន​រសជាតិ​ឈ្ងុយ​ឈ្ងប់​ និង​ស្រទន់​ តែ​ពិបាក​ដាំ​និង​ថែរក្សា​ ​ ព្រោះ​ត្រូវ​ការ​ដុះ​លើ​ដី​ក្នុង​កំរិត​រយៈ​កម្ពស់​ពី ៦០០ ទៅ​២០០០ម៉ែត្រ។ មាន​កំហាប់​ជាតិ​កាហ្វេអ៊ីន​ទាប (០,៨ ទៅ ១,៣%)។ ច្រើ​ន​ដាំដុះ​តែ​នៅ​អាមេរិក​កណ្តាល អាមេរិក​កណ្តាល​និង​អាហ្វ្រិក​ខាង​កើត។

-          កាហ្វេ​ រ៉ូប៊ូស្តា តំណាង​ឱ្យ​២៥%​នៃ​ផលិតផល​ពិភពលោក។ ជា​ដើម​ឈើ​ធន់​នឹង​ជំងឹ អាច​ដុះ​លូត​លាស់​លើ​ខ្ពង់រាប​ទាបៗ​ ជាង​ដើម​កាហ្វេ​អារ៉ាប៊ីកា និង​ផ្តល់​ផល​ច្រើន។ ប៉ុន្តែ​រសជាតិ​កាហ្វេ​រ៉ូបូស្តា មាន​រសជាតិ​ខ្លាំង​ ល្វីង សុទ្ធ​ជ្រុល មិន​សូវ​មាន​ក្លិន​ឈ្ងុយ​ដូចអារ៉ាប៊ីកា ឯ​កំហាប់​ជាតិ​កាហ្វេអ៊ីន​​ក៏ខ្ពស់ (២ ទៅ ២,៥%)។ គេ​មាន​ការ​ដាំ​ដុំ​កាហ្វេប្រភេទ​នេះ​ច្រើន​នៅ​អាហ្វ្រិក និង​អាស៊ី​អាគ្នេយ៍។
គ្រាប់​កាហ្វេ​បេះ​ហើយ ត្រូវ​យក​ទៅលីង​ ដើម្បី​បាន​ក្លិន។ បើ​លីង​កាន់​តែ​យូរ​កាន់​តែ​ខ្លាំង កាន់​តែ​ល្វីង តែ​បាត់​បង់​លក្ខណៈ​ដើម​។ ការ​លីង​កាហ្វេ​​ ​ត្រូវ​ប្រែប្រួល​ តម្រូវ​ទៅ​​តាម​ប្រភេទ​កាហ្វេ​ ទើប​អាច​​​កំណត់​ទាញ​រសជាតិ​ដ៏​ប្រពៃ​នៃ​កាហ្វេ​បាន។

តើ​នៅ​ក្នុង​កាហ្វេ​មាន​សារធាតុ​អ្វី​ខ្លះ ?

គ្រាប់​កាហ្វេ​ មាន​ផ្ទុក​ ជាពិសេស​គឺ​ សារធាតុ ប្រមាណ​ជាង​១០​មុខ ដែល​អាច​ផ្សំ​ឡើង​ពេល​ខ្លះ ក្នុង​ពេល​លីង ប៉ុន្តែ​សារធាតុ​ដែល​​​សំខាន់ជាង​គេ​មាន​​បី ៖ កាហ្វេអ៊ីន អាល់កុលDiterpènes និង​ល្បាយ​Phenolique ដែល​ល្បី​ថា​មាន​សកម្មភាព​អង់ទីអុកស៊ីដង់។ ពិសារ​កាហ្វេ​ខ្មៅ ពីរ ឬ​បី​ពែង​ ក្នុង​មួយ​ថ្ងៃ គឺ​ឆ្លើយ​តប​​បាន​​ទាំង​ស្រុង​ទៅ​នឹង​តម្រូវការ​ធម្មជាតិ​ផ្នែក​អង់ទីអុកស៊ីដង់​ដែល​ចាំ​បាច់​សំរាប់​សរីរាង្គ​កាយមនុស្ស​ម្នាក់ហើយ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ការសិក្សា​របស់​អ្នកស្រាវជ្រាវជនជាតិ​ណ័រវេស​បង្ហាញ​ថា កាហ្វេ​ជា​របប​អាហារ​ដែល​​ទៅ​បំពេញ​បានយ៉ាងគ្រប់គ្រាន់​តម្រូវ​ការ​អង់ទីអុកស៊ីដង់​របស់​មនុស្ស។

គុណប្រយោជន៍​នៃ​កាហ្វេ

ការសិក្សា​កាន់​តែ​ច្រើនឡើងៗ​ និង​នាពេល​ថ្មីៗ​នេះ បាន​បោះផ្សាយ​ ការ​បរិភោគ​កាហ្វេ​ ក្នុង​បរិមាណ​ច្រើន អាច​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទីពីរ និង​ជំងឺ​ញ័រ​ដៃញ័រ​ជើង​ ដែល​បណ្តាល​មក​ប្រព័ន្ធ​ប្រសាទ​ចុះ​ខ្សោយ។ បរិភោគ​ក្នុង​បរិមាណ​ច្រើន គឺ ប្រមាណ​ពី​ ៤​ទៅ ៦​ពែង​ ក្នុង​មួយ​ថ្ងៃ អាច​កាត់​បន្ថយ​គ្រោះ​ជួប​ជំងឺ​ទឹក​នោម​​ផ្អែម​ បាន​២៨% បើ​ប្រៀប​ទៅនឹង​អ្នក​ដែល​ទទួល​ទាន​តិច​ជាង​ពីរ​ពែង​ក្នុង​មួយ​ថ្ងៃ។

ការ​ទទួល​ទាន​កាហ្វេ​ អាច​ជា​ជំនួយ​ នៅ​ពេល​យូរទៅៗ ក្នុង​ការ​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​មហារីក​ស្បូន។ បួន​ពែង​ក្នុង​មួយ​ថ្ងៃ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​បាន​២៥% ពីរ​ទៅ​បី​ពែង​ក្នុង​មួយ​ថ្ងៃ​កាត់ប​ន្ថយ​បាន​៧%។

ជា​ចុង​ក្រោយ​សម្រាប់​បុរស ពិសារ​កាហ្វេ​ជា​ប្រចាំ អាច​កាត់ប​ន្ថយ​គ្រោះ​ថ្នាក់​ស្លាប់​បណ្តាល​មក​ពី ជំងឺ​មហារីក​ពង​ស្វាស​ បាន​២០%​ គិត​ក្នុង​បរិមាណ​៦​ពែង​ក្នុង​មួយ​ថ្ងៃ។ និង​កាត់​បន្ថយ​គ្រោះ​មរណៈ​បណ្តាល​មក​ពី ជំងឺ​សរសៃ​ឈាម​បេះដូង ជំងឺ​បេះដូង និង​ជំងឺ​ផ្លូវ​ដង្ហើម និង​ជំងឺ​បង្ក​រោគ​ ឱ្យទាប​ជាង​អ្នក​មិន​បរិភោគ​កាហ្វេ​សោះ។

សូម​បញ្ជាក់​ថា ការ​ទទួល​កាហ្វេ​នេះ រាប់​ទាំង​កាហ្វេ ដែល​គេ​ដក​សារធាតុ​កាហ្វេអ៊ីន​ចេញ​ បរិភោគ​ដោយ​គ្មាន​ជាតិ​ស្ករ និង​បារី​កំដ។​

ចុះ​គ្រោះ​ថ្នាក់​និង​ផល​ប៉ះពាល់​របស់​កាហ្វេ​វិញ​ ?!

កាហ្វេ​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​ទៅ​លើ​គុណភាព​ដំណេក ព្រោះ​សារធាតុ​កាហ្វេ​អ៊ីន​ ផ្តល់​កម្លាំង​សរសែ​វិញ្ញាណឱ្យ​កំរើក​ ឱ្យ​មាន​សកម្មភាព​ និង​ដូច​ជា​ទៅ​ដាស់​​សរសៃ​ប្រសាទ​បញ្ចេញ​អ័រមូន​ដំណេក​ និង​ទប់​ស្កាត់​មិនឱ្យ​ខួរ​ក្បាល​សំរាក​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​កាហ្វេ​អាច​ជួយ​មិន​ឱ្យ​ងងុយ​ដេក និង​ទៅ​ជួយ​ដាស់​សតិ​ឱ្យ​កាន់តែ​មាន​ភាព​ប្រុង​ប្រយ័ត្ន និង​កាន់​តែ​មាន​រ៉េផ្លិច។ ឥទ្ធិពល​នេះ​អាច​មាន​អំណាច​ដល់​ទៅ​៦ម៉ោង។ ដូច្នេះ​បើ​ពិសារ​ពេល​ល្ងាច​អាច​រំខាន​ដល់​ដំណេក ប៉ុន្តែ​សម្រាប់​បុគ្គល​ខ្លះ​ ដោយ​សារ​ការ​ទទួល​ទាន​ញយៗ​ក្លាយ​ជា​ទម្លាប់​ទៅ លែង​មាន​ឥទ្ធពល​ប៉ះពាល់​លើ​ការ​គេង​​​ទៅ​វិញ បន្តិច​ម្តងៗ ឬ​បាត់​ទាំង​ស្រុង​ផង​ក៏​មាន៕
Source: នាទីសុខភាពនិងអនាម័យ ដោយ 




Benefit of apple Fruit |គុណប្រយោជន៍នៃផ្លែប៉ោម

ក្រហម​ បែតង ឬលឿង ផ្លែ​ប៉ោម​គឺ​ជា​ចំណី​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​អង់ទីអ៊ុកស៊ីដង់ និង​សរសែ​។ ទទួល​ទាន​ផ្លែ​ប៉ោម​ ជា​ប្រចាំ​ អាច​ជួយ​ទ្រ... thumbnail 1 summary
ក្រហម​ បែតង ឬលឿង ផ្លែ​ប៉ោម​គឺ​ជា​ចំណី​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​អង់ទីអ៊ុកស៊ីដង់ និង​សរសែ​។ ទទួល​ទាន​ផ្លែ​ប៉ោម​ ជា​ប្រចាំ​ អាច​ជួយ​ទ្រទ្រង់​សុខភាព​យើង​ផង និង​ជួយ​កាត់​បន្ថយ​គ្រោះ​កើត​​ជំងឺ​សរសែ​ឈាម​បេះដូង ជំងឺ​មហារីក និង​ជំងឺ​ហឺត។ តើ​ផ្លែ​ប៉ោម​ មាន​គុណ​ប្រយោជន៍​យ៉ាង​ណាចំពោះ​សុខភាព ? តើ​ត្រូវ​ជ្រើស​រើស​ផ្លែ​ប៉ោម​ប្រភេទ​ណា ? និង​ទទួល​ទាន​ក្នុង​កំរិត​ណា ទើប​អាច​ទាញ​ផល​ល្អ​មក​បំរើ​សុខភាព​យើង​បាន ? ប៉ោម មិន​មែន​ជា​ផ្លែ​ឈើ​ដ៏​អស្ចារ្យ និង​មាន​តម្លៃ​ខ្ពស់​ទៀត​ទេ ក្នុង​សង្គម​ខ្មែរ​នាពេល​បច្ចុប្បន្ន​នេះ។ ជា​ផ្លែឈើ​ដ៏​សាមញ្ញ​រហូត​ដល់​លែង​សូវ​មាន​អ្នក​នឹក​នា​ចង់​ទទួល​ទាន​ផង ប៉ុន្តែ​តាម​ការពិត​ទៅនោះ ផ្លែ​ប៉ោម មាន​ផ្ទុក​នូវ​គុណ​ប្រយោជន៍​ដ៏ច្រើនអនេក​សម្រាប់​សុខភាព។ 
ផ្លែ​ប៉ោម​ សម្បូរ​ទៅ​ដោយ​សារធាតុ​សរសៃ (Fibre) និង​សារធាតុ​អង់ទី​អុកស៊ីដង់ (Anti-oxydants)តែ​ខ្សត់​​ជាតិកាឡូរី​​។ ផ្លែ​ឈើ​នេះ​មាន​សកម្មភាព​កាត់​បន្ថយ​អាការៈ​ឃ្លាន។ ផ្លែ​ប៉ោម មាន​អំណាច​និង​មហិទ្ធិរិទ្ធ​ទប់​ស្កាត់​ការ​ស្រេក​ទឹក ព្រោះ​​៨៥%នៃ​​​ផ្លែ​ប៉ោម​​ ជា​សារធាតុ​ទឹក នេះ​មិន​រាប់​អំពី​សារធាតុ​វីតាមីន​ដ៏​សំបូរ​បែប​ ដែល​មាន​កប់​ជាពិសេស​នៅ​ក្នុង​សំបក​ផ្លែ​ប៉ោម​ផង ព្រមទាំង​សារធាតុ​រ៉ែ​មួយ​ចំនួន​ដូច​ជា ប៉ូតាស្យូម ម៉ាញេស្យូម ឬផូស្វរ ។ល។និង។ល។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ្នក​ឯកទេស​ចំណី​អាហារ​ណែនាំ​ឱ្យ​បរិភោគ​ផ្លែ​ប៉ោម​ទាំង​សម្បក​ ឬជា​​ផ្លែ​ប៉ោម​ចំអិន​។ 
ផ្លែ​ប៉ោម អាច​ជួយ​បញ្ចុះ​ការ​ស្រូប​ជាតិ​កូឡេស្តេរ៉ូល និង​លីពីត នៅ​ក្នុង​ពោះវៀន និង​បន្ថយ​ការ​ចង់​ទំពារ​ចង់​ញ៉ាំ​នេះ​ញ៉ាំ​នោះ​ឥត​ដាច់មាត់។ មាន​រូប​ល្អ​គួរ​ឱ្យ​ចង់​ញ៉ាំ ងាយ​ទុក​ងាយ​ដាក់ ងាយ​យក​តាមខ្លួន និង​អាច​ទទួល​ទាន​បា​នគ្រប់​ទី​កន្លែង និង​គ្រប់​ពេល ផ្លែ​ប៉ោម​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ផ្លែឈើ​ដែល​អាច​ចូល​រួម​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​​កើត​ជំងឺ​មហារីក គ្រោះ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង និង​ជំងឺ​ហឺត។ ​
 តើ​អ្នក​វិទ្យាសាស្ត្រ​រក​​ឃើញ​ និងពន្យល់​យ៉ាង​ដូចម្តេច​ខ្លះ​ចំពោះ​ផល​ល្អ​នៃ​ផ្លែ​ប៉ោម ?!

   

 គុណ​ប្រយោជន៍​នៃ​ផ្លែ​ប៉ោម​ចំពោះ​សុខភាព​ ៖ 

 - កាត់​បន្ថយ​គ្រោះ​​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង ៖ អំណាច​ផ្នែក​អង់ទីអុកស៊ីដង់​របស់​ផ្លៃ​ប៉ោម អាច​ចូល​រួម​ចំណែក​កាត់​បន្ថយ​គ្រោះកើត​ជំងឺ​សរសៃ​ឈាម​បេះដូង។ ព្រោះ​ អំណាច​អង់ទីអុកស៊ីដង់​ក្នុង​ផ្លែប៉ោម នេះ​ជួយ​ទៅ​កាត់​បន្ថយ និង​ការពារ​ជាតិ​ខ្លាញ់​លីពីន​ ដែល​មាន​ចរន្ត​ក្នុង​ឈាម​ និង​ជួយ​កាត់​បន្ថយ​អត្រា​ជាតិ​កូឡេស្តេរ៉ូល​ខ្លាញ់​ក្នុង​ឈាម​ផង។ បើ​តាម​ការ​សិក្សា​ថ្មី​ចុង​ក្រោយ​បង្ហាញថា​ បរិភោគ​ផ្លែ​ប៉ោម​ ជា​ផ្លែ​ឈើ​ស្រស់​ អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​សញ្ញា​រោគ​ស្ទះ​សរសៃ​ឈាម​អាទែរ កូរ៉ូណែ (syndrome coronaire aigu) របស់​មនុស្ស​ប្រុស​ជាពិសេស។ សញ្ញា​រោគ​ដែល​មាន​ជា​អាទិ៍ ការ​ចុក​ទ្រូង ឬ​ការ​ស្លោក​សាច់​ដុំ​បេះដូង។ ធាតុ​ដើម​ធម្មជាតិ​នៃ​ផ្លៃ​ប៉ោម មាន​ឥទ្ធិពល​ល្អ​ខ្លាំង​ណាស់​សម្រាប់​បញ្ចុះ​ខ្លាញ់​ក្នុងឈាម ជា​ពិសេស​ខ្លាញ់​កូឡេស្តេរ៉ូល​អាក្រក់។ បើ​តាម​ការ​ពិសោធន៍​លើ​សត្វ​កណ្តុរ សារធាតុ​ដើម​ធម្មជាតិនៃ​ផ្លៃប៉ោម អាច​កម្ចាស់​ជាតិ​កូឡេស្តេរ៉ូល​ ក្នុង​បរិមាណ​ច្រើន ដោយ​បញ្ចេញ​តាម​លាមក។ ហើយ​បើ​ចំពោះ​ការសិក្សា​លើ​មនុស្ស​វិញ បង្ហាញ​ថា ការ​ទទួល​ទាន​ផ្លែប៉ោម​ស្រល់​ដែល​មាន​ផ្ទុក​ពេញ​ទៅ​ដោយ​សារធាតុ​​ និង​រសជាតិ​ដើម​​ធម្មជាតិ​ លាយ​ជា​មួយ​នឹង​បន្លែ​ផ្លែឈើ​មាន​សារធាតុ​សរសៃ​ផ្សេង​ទៀត បានទៅ​បញ្ចុះ​កាឡូស្តេរ៉ូល​អាក្រក់​ យ៉ាង​ពិសេស​តែ​ម្តង។ ទឹក​ផ្លែ​ប៉ោម​ដែល​គាប​ច្របាច់​ចេញ​ពី​ផ្លែ​ស្រស់ៗ​ និងដែល​មាន​​បន្តុំ​សារធាតុ​ដើម​ធម្មជាតិ​ខ្លាំង មាន​ឥទ្ធិពល​គាប់​ប្រសើរ​ខ្លាំង​ណាស់​​លើ​ពពួក​ខ្លាញ់​ និង​ពួក​មេរោគ​បង្ក​ការ​រាល​ ការ​រលាក។

 - ជំងឺ​ហឺត ​៖ អ្នក​មាន​ជំងឺ​នេះ គួរ​តែ​បរិភោគ​ផ្លែ​ប៉ោម​ជា​ប្រចាំឬ ?! ញ៉ាំ​ផ្លែ​ប៉ោម​ (២​ផ្លែ​ ឬ​ច្រើន​ជា​ង​នេះ ​ក្នុង​មួយ​សប្តាហ៍​) ​នោះ​មុខ​ងារ​ផ្លូវ​ដង្ហើម​ ​ហេតុ​ទាំង​ឡាយ​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​​ហឺត​ ព្រមទាំង ការ​រលាក​ផ្លូវ​ដង្ហើម​ នឹង​បាន​ទទួល​ឥទ្ធិពល​ការពារ​ពី​សារធាតុ​គ្មាន​ពីរ​នៃ​ផ្លែ​ប៉ោម។ សារធាតុ​ប៉ូលីហ្វេណុល និង​ហ្លាវ៉ូណូអ៊ីត របស់​ផ្លែប៉ោម​​ នឹង​ទៅ​បង្កើន​សមត្ថភាព​ផ្នែក​អង់ទីអុកស៊ីដង់​របស់​សរីរាង្គ​កាយ​យើង ដោយ​ទៅ​បញ្ចុះ​ភាព​រាលដាល​រលាក​របស់​អ្នក​មាន​ផ្ទុក​ជំងឺ​ហឺត។ ប្រសិទ្ធិភាព​នេះ​កំពុង​​ស្ថិត​ក្នុង​ដំណាក់​កាល​សិក្សា​ស្រាវជ្រាវ​បន្ថែម​ ពុំ​ទាន់​អាច​អះអាង​ថា​ពិត​ជាក់​ប្រាកដ​ អំពី​សមត្ថភាព​ផ្លែ​ប៉ោម​ជា​អ្នក​ការពារ​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​លើ​កុមារ​អាយុ​ពី​៥ ទៅ​១០ ចំនួន​ជាង​២៦០០​នាក់ បាន​ផ្តល់​សេចក្តី​សន្និដ្ឋានថា​ ការ​បរិភោគ​ទឹ​ក​ផ្លែប៉ោម​ ផលិត​ឡើងដោយ​កំហាប់​ផ្លែប៉ោម (មិនមែន​ដោយ​គាប​យក​ទឹក​ស្រស់​១០០%​)សោះ​ បាន​ធ្វើ​ឱ្យ​​ក្មេង​ៗទាំង​នោះ​ មិន​សូវ​មាន​​អាការៈ​​​ដក​ដង្ហើម​ចេញ​ចូល​ឮ​ដូច​គេ​ហួច​ (សំឡេង​ដង្ហើម​ដូច​គេ​ហួច ជា​សញ្ញា​រោគ​មួយដែល​នាំ​ឱ្យ​គ្រូ​ពេទ្យ​អាច​កំណត់​ស្វែង​រក​​ជំងឺ​ហឺត)។ ម្យ៉ាង​វិញ​ទៀត បើ​ស្ត្រី​មាន​គ៌ភ​ ពិសារ​ផ្លែ​ប៉ោម ​ក្នុង​​ពេល​ពរ​ពោះ​ ទារក​កើត​មក​នឹង​មាន​គ្រោះ​កើត​ជំងឺ​ហឺត​ តិច​ជាង​កូន​អ្នក​មិន​បរិភោគ​ប៉ោម។ 

 - ជំងឺ​មហារីក ៖ ការ​សិក្សា​ជា​ច្រើន​បានប​ង្ហាញ​ថា​ ការ​បរិភោគ​ផ្លែ​ប៉ោម ជា​ប្រចាំ​ អាច​កាត់​បន្ថយ​គ្រោះ​ជួប​ជំងឺ​មហារីក ជា​ពិសេសជំងឺ​មហារីក​សួត មហារីក​ពោះវៀនទ័ល។ ការ​សិក្សា​ តាម​បែប​ In vitro លើ​ការ​បណ្តុះ​​កោសិកា​ បានបញ្ជាក់​ថា​ ការ​ទទួល​ទាន​ទឹក​ប៉ោម​ ឬ​ប៉ោមមួយ​ផ្លែ ឬ​ច្រើន​ជាង​មួយ​ ក្នុង​មួយ​ថ្ងៃ​ ជា​ប្រចាំ​ ឡេ​ឃើញ​ប្រសិទ្ធភាព​ផ្នែក​ការពារ បញ្ចេញ​ឥទ្ធិពលប្រឆាំង​នឹង​ជំងឺ​មហារីក​​ពោះវៀន​ធំ ពោះវៀនទ័ល មហារីកសុដន់ និង​សួត។ សារធាតុ​ប៉ូលីហ្វេណុល និង​ល្បាយ​ផ្សេង​ទៀត​ក្នុង​ផ្លែ​ប៉ោម និង​ទឹក​ប៉ោម​ ទំនង​ជា​មាន​សមត្ថភាព​អង់ទីអុកស៊ីដង់​ និង​អាច​កាត់​បន្ថយ​ការ​រីក​រាល​ដាន​នៃ​កោសិកា​មហារីក។ ​ ផ្លែ​ប៉ោម​មាន​ផ្ទុក​សារធាតុ​អ្វី​ខ្លះ?! ប៉ោម​មាន​ផ្ទុក​សារធាតុ​អង់ទីអុកស៊ីដង់​ជា​ច្រើន​ប្រភេទ ដែល​អ្នកស្រាវជ្រាវ​ទទួល​ស្គាល់​ថាមាន​តួ​​នាទី​ការពារ​ប្រឆាំង​នឹង​ប្រតិកម្ម​របស់​អាដេអិន ការរីក​សាយភាយ​នៃ​កោសិការ​មហារីក មាន​តួនាទី​កាត់​បន្ថយ​អត្រា​ជាតិ​ខ្លាញ់​ក្នុង​ឈាម និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដំណើរ​ការ​ផ្លូវ​ដង្ហើម។ នៅ​ក្នុង​ផ្លែ​ប៉ោម​ គេ​ក៏​សង្កេត​ឃើញ​មាន​សារធាតុ​មេតាបូលិក​ធម្មជាតិ​​របស់​រុក្ខជាតិ​តែ​ម្តង ដូច​ជា គែរសេទីន ប្រូស៊ីយ៉ានីឌីន កាតេឈីន និង​អេពីកាតេឈីន ព្រមទាំង​ល្បាយ​អាស៊ីត​មួយ​ចំនួន​ទៀត​ ជា​ឧទាហរណ៍​អាស៊ីត​ក្លរ៉ូហ្សេនិក។ គែរសេទីន ជា​អង់ទីអុកស៊ីដង់​ដ៏​មាន​មហិទ្ធិរិទ្ធិ មាន​អំណាច​ទប់​ទល់​ប្រឆាំង​នឹង​មហារីក​ផង និង​ប្រឆាំង​នឹង​ជំងឺ​សរសៃ​ឈាម​បេះដូង​ផង។ បើ​តាម​អ្នក​ស្រាវជ្រាវ​ គែរសេទីន មាន​ចំណែក​ធំធេង​ណាស់​ក្នុង​ការ​នាំ​ផ្លែ​ប៉ោម​ឱ្យ​មាន​ឥទ្ធិពល​ការពារ​ប្រឆាំង​នឹង​ជំងឺ​មហារីក។ ប្រូស៊ីយ៉ានីឌីន អេពីកាតេឈីន និង​កាតេឈីន ធ្វើ​ការ​រួម​​គ្នា​កាត់​បន្ថយ​ខ្លាញ់​អាក្រក់​ក្នុង​ឈាម​ LDL។ ហើយ ប្រូស៊ីយ៉ានីឌីន ការពារ​មិន​ឱ្យ​មាន​ការ​អភិវឌ្ឍន៍​កោសិកា​មហារីក។ ប៉ូលីហ្វេណុល របស់​ផ្លែ​ប៉ោម មាន​គុណ​ប្រយោជន៍​ល្អ​ណាស់​សម្រាប់​កូឡេស្តេរ៉ូល និង​សម្រាប់​កាត់​បន្ថយ​ដំបៅ​ក្នុង​សរសៃ​ឈាម។ ការ​សិក្សា​បាន​បង្ហាញ ថា​ មនុស្ស​ម្នាក់​ដែលទទួល​ទាន​ថ្នាំ​​ ប៉ូលីហ្វេណុល (៦០០ម.ក្រ,)ចម្រាញ់​ចេញ​ពី​ផ្លែ​ប៉ោម ជា​រៀង​រាល់​ថ្ងៃ​ ចំនួ​ន​១២​សប្តាហ៍​ កូឡេស្តេរ៉ូល​អាក្រក់ និង​ខ្លាញ់​ក្នុង​ពោះ​ បាន​ស្រក​ចុះ។​ (ចុះ​ម្តេច​មិន​ពិសារ​ផ្លែ​ប៉ោម​តែ​ម្តង ដែល​មួយ​ផ្លែ​មាន​ផ្ទុក​ សារធាតុ​ប៉ូលីហ្វេណុល​ដល់​ទៅ​ប្រមាណ​២០០ មីល្លីក្រាម ?!) សារធាតុ​សរសៃ នៅ​ក្នុង​ផ្លែ​ប៉ោម​មាន​សារធាតុ​អាស៊ីត​ម្យ៉ាង​ដែល​ហៅ​ ជា​សារធាតុ​សរសៃ​​រលាយ ! សារធាតុ​នេះ​មាន​​លក្ខណៈ​ពិសេស​អាច​បង្កក​​ទៅ​ជា​ជែល gel និង​តំណាង​ឱ្យ​ដល់​ទៅ ពាក់​កណ្តាលនៃ​សារធាតុ​សរសៃ​របស់​ផ្លែ​ប៉ោម និង​​មាន​បណ្ដុំ​ជា​ពិសេស​នៅ​ជាប់​សំបក។ សារធាតុ​សរសៃ​រលាយ​អាំច​មាន​ទំនាក់ទំនង​មួយ​ភាគ​ជាមួយ​នឹង​ស្ករ កូឡេស្តេរ៉ូល ក្នុង​ពោះ​វៀន ដូច្នេះ​វា​អាច​ជួយ​កាត់​បន្ថយសម្រូប​បាន។ គួរ​បរិភោគ​ផ្លែ​ប៉ោម​មួយ​ណា និង​យ៉ាង​ដូចម្តេច ? បរិមាណ​នៃ​ធាតុ​សកម្ម​ ព្រមទាំង​បរិមាណ​នៃ​វីតាមីន និង​រ៉ែ​ ក្នុង​ផ្លែ​ប៉ោម ប្រែប្រួល​​ទៅ​តាម​ពូជ​ដើម ឬ​ការ​បេះ ខ្លីពេក​ ឬ​ចាស់​ល្មម​ញ៉ាំ ឬ​របៀប​ដាំ​ដុះ​ដាក់​ជីរ ដាក់​ថ្នាំ​ឱ្យ​ល្អ​ផ្លែ ។ល។ និង​។ល។ ជា​សរុប បរិភោគ​ផ្លែ​ប៉ោម​គឺដូច​ជា​មានកូន​សោ​ ចាក់​បើក​ទុយយោឱ្យ​ឈាម​មាន​ចរន្ត​ហូរ​កាត់​សរីរាង្គ​កាយ​បាន​ដោយ​ស្រួល​។ ផ្លែ​ប៉ោម​មាន​ផ្ទុក​សារធាតុ​ប៉ូលីហ្វេណុល​ ដែល​មាន​អំណាច​អង់ទីអុកស៊ីដង់​ដ៏​ខ្លាំង​ក្លា និង​អំណាច​ប្រឆាំង​នឹង​កោសិការ​មហារីក។ អំណាច​អង់ទីអុកស៊ីដង់​របស់​ប៉ោម តែ ១០០​ក្រាម​ ស្មើ​ស្រេច​នឹងគ្រាប់​ថ្នាំ​​វីតាមីនសេ ១៥០០មីល្លីក្រាម ឬ​ស្មើ​នឹង​បរិភោគ​ផ្លែ​ក្រូច ២០​ផ្លែ។ សារធាតុ​ប៉ូលីហ្វេណុល មាន​ច្រើន​បំផុត​នៅ​ជាប់​សំបក។ ផ្លែ​ប៉ោម​មាន​ញាត់​ពេញ​ទៅ​ដោយ​ម៉ូលេគុល​ផ្សេង​ទៀត​ ដូច​ជា​ប្រូស៊ីយ៉ានីឌីន គែរសេទីន អាស៊ីតក្លេរ៉ូហ្សេនិក កាតេឈីន ដែល​អាច​ធ្វើ​ឱ្យ​អត្រា​ជាតិ​ស្ក​រ និង​ខ្លាញ់​ក្នុង​ឈាម​ធ្លាក់​ចុះ​ និង​ការ​ពារ​បាន​គ្រោះ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង។ ​ការសិក្សា​ទើប​បាន​បញ្ជាក់​ទៀត​ថា ការ​ទទួល​ទាន​ផ្លែ​ប៉ោម​ជា​ជារៀង​រាល់​ថ្ងៃ អាចកាត់​បន្ថយ​គ្រោះ​​ដាច់​សរសៃ​ឈាម​ក្នុង​ក្បាល។ ជា​ផ្លែ​ឈើ​តូច​មួយ សម្បូរ​ដោយ​ជាតិ​អាស៊ីត​អឡាហ្សិក និង​ឌែលហ្វីនីឌីន ម៉ូលេគុល​ពីរ​នេះ​ អាច​ទៅ​កំចាត់​ដុំ​ពក​ ដុំ​មហារីក​ ដោយ​ទៅ​បង្អាក់​មិន​ឱ្យ​ប្រព័ន្ធ​ឈាម​​ក្បែរ​គ្នា អាច​ពូន​ផ្តុំ​គ្នា​ជា​ដុំ​​បាន។ ដូច្នេះ​សូម​កុំរួញ​រា នឹង​បរិភោគ​ផ្លែ​ឈើ​ប្រភេទ​នេះ​អី។ មួយ​កូន​ផ្លែ ឬ​មួយ​ចំហៀង​ គ្រប់​គ្រាន់​និង​ឆ្លើយតប​បាន​ទៅ​នឹង​ អនុសាសន៍របស់​ កម្មវិធី​​សុខភាព​ចំណី​អាហារ​ ដែល​​ណែ​នាំ​ បណ្តា​ជន​គ្រប់​រូប ឱ្យ​ទទួល​ទាន​បន្លែ​និង​ផ្លែឈើ ៥​មុខ​​ក្នុង​មួយ​ថ្ងៃ (មួយ​មុខ៨០ក្រាម)ហើយ។ ប៉ុន្តែ​ ថ្វី​បើ​​​​ផ្លែប៉ោម មាន​ដាក់​លក់​ពេញ​មួយ​ឆ្នាំ​ពេញ​មួយ​ឆ្នាំ​មែន​តែ​រដូវ​ផ្លែប៉ោម ផ្លែម​ប៉ោម​ដែល​ពេញ​ឆ្ងាញ់ មាន​រសជាតិ គឺ​​​នៅ​រវាង​ខែ​កញ្ញា​តុលា​ ឬ​វិច្ឆិកា (រដូវ​ស្លឹក​ឈើ​ជ្រុះ) នៅ​ប្រទេស​បារាំង។ ជ្រើស​រើស​ការ​បរិភោគ​ផ្លែ​ស្រស់ ទាំង​សំបកបើ​អាច ជា​ជាង​ការ​ទិញ​ទឹក​ផ្លែឈើ ដែល​ជាទូទៅ​ផលិត​ឡើយ​ដោយ​ប្រើ​ល្បាយ​​ទឹក​ជាមួយ​កំហាប់​ផ្លែ​ឈើ​ប៉ុណ្ណោះ។ ទឹក​ផ្លែ​ឈើ ឬ​ទឹក​ប៉ោមកំប៉ុង ឬ​ច្រក​ដប​ មាន​ប្រសិទ្ធិភាព​ផ្នែក​អង់ទីអុកស៊ីដង់​ ត្រឹម​តែ​៣%​ប៉ុណ្ណោះ​បើ​ប្រៀបទៅ​នឹង​ផ្លែ​ឈើ​ស្រស់ ឬ​ទឹក​ផ្លែប៉ោម​គាប​ចេញ​ពី​ផ្លែស្រស់។ ប៉ុន្តែ ផ្លែ​ប៉ោម មាន​ផ្ទុក​សារធាតុ Fructose និង​ sorbitol ស្ករពីរ​ប្រភេទ​ដែលអាច​​ធ្វើ​ឱ្យ​មាន​បញ្ហា​ ពោះវៀន​ ដូច​ជា​ហើម​ពោះ​ ទល់​ខ្សល់ រាករូស ចំពោះ​បុគ្គល​ខ្លះ​ដែល​មិន​ធន់​នឹង​សារធាតុ​ស្ករ​ពីរនេះ៕ 

Source: នាទីសុខភាពនិងអនាម័យ ដោយ អៀង សុខម៉ិញ @RFI

Benefit of Banana for your health | គុណប្រយោជន៍​នៃ​ផ្លែ​ចេក ចំពោះ​សុខភាព

ចេកណាំវ៉ា ពង​មាន់ អំបូង ចេក​ស្នាប់​មុខ​ ផ្លែ​ចេក​មាន​ច្រើន​ប្រភេទ ច្រើន​សណ្ឋាន។ យើង​អាច​បរិភោគ​ជា​ផ្លែ​ឈើ ជា​បង្អែម ជា​ចម្អាប ជា​បន្លែ​ ជា​... thumbnail 1 summary
ចេកណាំវ៉ា ពង​មាន់ អំបូង ចេក​ស្នាប់​មុខ​ ផ្លែ​ចេក​មាន​ច្រើន​ប្រភេទ ច្រើន​សណ្ឋាន។ យើង​អាច​បរិភោគ​ជា​ផ្លែ​ឈើ ជា​បង្អែម ជា​ចម្អាប ជា​បន្លែ​ ជា​អន្លក់ ​ ទាំង​ឆៅ ឬ​ដោយ​ការ​ចម្អិន តាម​ការ​ចូល​ចិត្ត។ ជា​សរុប​ ចេក​​​ជា​​ផ្លែ​ឈើ​ដ៏​​មាន​ប្រជាប្រិយភាព​របស់​បណ្តា​ជន​ខ្មែរ​​ទូទៅ របស់​កុមារ និង​មនុស្ស​ពេញ​វ័យ។ ចេក​ជាផ្លៃ​ឈើ​ គ្មាន​រដូវ​​របស់​ខ្មែរ ​​ សម្បូរ​បែបពេក​ រហូត​ដល់​អ្នក​ខ្លះ​គិត​ថា​ជា​ផ្លែឈើ​របស់​រាស្ត្រ​សាមញ្ញ​ លែង​ចង់​ទទួល​ទាន។ តែ​ប្រសិន​បើ​ផ្អែក​តាម​ការសិក្សា​វេជ្ជសាស្ត្រ និង​វិទ្យាសាស្ត្រ ផ្លែ​ចេក​មាន​គុណ​ប្រយោជន៍​ច្រើន​ណាស់​​ដល់​សុខភាព។

មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ ខ្វះឈាម ទល់​លាមក ​រលាក​ក្រពះ រលាក​ពោះវៀន ក្អួត​ចង្អោរ ជំងឺ​បេះដូង ធាត់​ ។ល។ និង​។ល។ ផ្លែ​ចេក​ ពិត​ជា​អាច​ជួយ​អ្នក​បាន​​បញ្ចៀស​ពី​ជំងឺ​នេះ​បាន។ តើ​ចេក​មាន​ផ្ទុក​​សារធាតុ​អ្វី​ខ្លះ​ទៅ ?! និង​មាន​លក្ខណៈ​ពិសេស​យ៉ាង​ណា​ខ្លះ ទើប​អាច​ជួយ​សម្រួល​សុខភាព​មនុស្ស​បាន​ច្រើន​​យ៉ាង​បែប​នេះ ?! ហេតុ​អ្វី​បាន​ជា​​​ចេក​ អាច​ជួយ​ព្យាបាល​ និង​ការពារ​ជំងឺ​មួយ​ចំនួន មាន​ទាំង​ជំងឺ​ព្យាបាល​មិន​ជា​ទៀត​ផង។ នាង​ខ្ញុំ​នឹង​លម្អិត​ជូន​លោក​អ្នក​នាង​មួយ​ម្តងៗ។
ផ្លែ​ចេក​ទុំ​ មាន​ផ្ទុក​សារជាតិ​ស្ក​រធម្មជាតិ បី​ប្រភេទ​ ៖ Sucrose, fructose និង​ glucose រួមផ្សំ​នឹង​សារធាតុ​សរសៃ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ចេក​ផ្តល់​ថាមពល​បាន​ភ្លាមៗ​ ក្រោយ​ពេលបាន​​បរិភោគ​។ បើ​តាម​ការ​សិក្សា​មួយ​បង្ហាញ​ថា បរិភោគ​​ចេក​ពីរ​ផ្លែ​ ប៉ុណ្ណោះ នោះ​អ្នក​នឹង​មាន​ថាមពល​អាច​ធ្វើ​កីឡា​បាន​៩០​នាទី។ ដូច្នេះ​គ្មាន​អ្វី​ដែល​ចម្លែក​ទេ ដែល​ផ្លែ​ចេក ជា​អាហារ​​ផ្លែឈើ​ទី​មួយ​ និង​ចម្បង​បំផុត​ សម្រាប់​ពិភពអ្នក​​កីឡា​អត្តពលករ។

ដោយ​ភាព​សម្បូរ​បែប​ផ្នែក​ថាមពល​ ផ្លែ​ចេក​ពិត​ជា​មិន​អាច​ជួយ​លោក​អ្នក​នាង​ ក្នុង​ការ​ថែរក្សា​រាង​ ឬ​ទម្ងន់​បាន​ឡើយ ?! ក៏ប៉ុន្តែ​ ចុះ​ហេតុ​អ្វី​បានជា​អ្នក​ដើរ​បង្ហាញ​ម៉ូត​នៅ​ប្រទេស​លោក​ខាង​លិច​ មាន​ផ្លែ​ចេក​ជាប់​នឹង​ខ្លួន នៅ​កន្លែង​ធ្វើ​ការ​ទៅ​វិញ ?!
ចេក​គ្មាន​ផ្ទុក​សារធាតុ​Gluten​ទេ ហើយ​មានជីវជាតិ​​តិច​តួច​ណាស់​ ប៉ុន្តែ​ដូច​បាន​ជម្រាប​អំបាញ់​មិញ​ថា ចេក​មាន​ផ្ទុក​ថាមពល​ច្រើន​ ជា​ផ្លែ​ឈើ​ប៉ូវ​កម្លាំង​ តែ​ក៏​ជា​ផ្លែ​ឈើ​ធ្វើ​ឱ្យ​ឆាប់​ឆ្អែត ! ហេតុ​ដូច្នេះ​ហើយ​បាន​ជា​​គេ​ណែ​នាំ​តារា​ៗ​ និង​អ្នក​ចង់​រក្សា​រាង​​ឱ្យពិសា​ចេក ជំនួស​ការ​បរិភោគ​អាហារ​នោះ។

ការ​ស្ទង់​មតិ​ថ្មី​ៗ​ បានបង្ហាញ​បន្ថែម​ទៀត​ថា អ្នក​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត នឹង​មាន​អារម្មណ៍​ធូរស្រាល​ គ្រាន់​បើ​ឡើង ប្រសិន​បើ​ពួក​គេ​បាន​បរិភោគ​ផ្លែ​ចេក ជា​ប្រចាំ​។ ហេតុ​អ្វី​ផ្លែ​ចេក​ ជួយ​សម្រួល​សតិ​បែប​នេះ ព្រោះ​ចេក​មាន​ផ្ទុក ជាតិ Tryptophane​ ពោល​គឺ​ប្រភេទ​ប្រូតេអ៊ីន​ម្យ៉ាង​ ដែល​អាច​ធ្វើ​បំផ្លែងទៅ​ជា​សេរ៉ូតូនីន នៅ​ពេល​ជ្រាប​ចូល​ខ្លួន​ប្រាណ​។ ប្រូតេអ៊ីន​ប្រភេទ​នេះ ជួយ​បន្ធូរ​អារម្មណ៍​មនុស្ស និង​ផ្តល់​ភាព​រីករាយ។ ដូច្នេះ​សូម​កុំពិសា​ថ្នាំ ពិសា​ផ្លែ​ចេក​វិញ​ទៅ ! វីតាមីន​ B6 ដែល​មាន​នៅ​ក្នុង​ចេក នឹង​ទៅ​ជួយ​តម្រែ​តម្រង់​​កម្រិត​ជាតិ​ស្ករ​ Glucose​ក្នុង​ឈាម ឱ្យ​ស្មើ​ល្អ។ ប្រការ​នេះ​មាន​ប្រយោជន៍​ខ្លាំង​ណាស់​ទៅ​សុខភាព​អារម្មណ៍​យើង។ ដោយសារ​ភាព​សម្បូរ​បែប​ផ្នែក​វីតាមីន B6- B12 និង​ម៉ាញេស្យូម ​ ចេក​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សំរាប់​​អ្នក​ដែល​​​ប្រាថា្ន​ចង់​ឈប់​ជក់​បារី។ ពិសា​ចេក​ទៅ​នឹង​ធ្វើ​ឱ្យ​អ្នក​ឆាប់​បាត់​អារម្មណ៍​ស្រេក​ឃ្លាន​ជាតិ​ នីកូទីន​ របស់​បារី។


ចេក​សម្បូរ​សារធាតុ​គ្លុយស៊ីត ជា​ការ​មិន​អាច​ប្រកែកបាន ប៉ុន្តែ​ក៏​មាន​ផ្ទុក​សារធាតុ​រ៉ែ​ជា​ច្រើន​​ផ្សេង​ទៀត​ដែរ មាន​ជា​អាទិ៍​សារធាតុ​រ៉ែ ប៉ូតាស្យូម។ ចេក​សម្បូរ​ជាតិ​ប៉ូតាស្យូម​ តែ​មាន​កំរិត​អំបិល​តិច​បំផុត​ ដែលនេះ​​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ចំណាន​បំផុត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំ​ង​នឹង​ជំងឺ​លើស​ឈាម។ ផ្លែ​ចេក​មួយ​ផ្លែ​អាច​មាន​ផ្ទុក​សារធាតុ​ប៉ូតាស្យូមដល់​ទៅ​៣៦០​មីល្លីក្រាម។ ការ​សិក្សា​បាន​បង្ហាញ​ថា បើ​មនុស្ស​ម្នាក់​ស្រូប​​ចំណី​អាហារ​មាន​សារធាតុ​ប៉ូតាស្យូម​ច្រើន​ នឹង​មិន​សូវ​មាន​គ្រោះ​កើត​ជំងឺ​​លើស​ឈាម​ទេ។ សូម្បី​តែ​អ្នក​ដែល​មាន​ជំងឺ​លើស​ឈាម​ប្រចាំ​កាយ​ស្រាប់​ទៅ​ហើយ ក៏ការ​បរិភោគ​ផ្លែ​ចេក​ជារៀង​រាល់​ថ្ងៃ​ អាច​ជួយ​អ្នក​ជំងឺ​ឱ្យ​មាន​ស្ថានភាព​បាន​ធូរស្រាលខ្លះ​ និង​មិន​អាស្រ័យ​លើ​ថ្នាំ​ពេទ្យ​ទាំង​ស្រុងពេក។ ប៉ូតាស្យូម​នេះ ជា​ជំនួយ​មួយ​ក្នុង​ការ​បញ្ជូន​អុកស៊ីសែន​ទៅ​ខួរក្បាល និង​សម្រួល​លំនឹង​ទឹក​ក្នុង​ខ្លួន​ តែកំរិត​​ប៉ូតាស្យូមក្នុង​ខ្លួន​មនុស្ស​នឹង​ត្រូវ​បាន​កាត់​បន្ថយ ប្រសិន​បើ​យើង​មាន​Stress ពេក ដូច្នេះ​គឺ​ផ្លែ​ចេក​នេះ​ឯង​ដែល​យើង​គួរ​ទទួល​ទាន​ បន្ថែម​ចន្លោះ​ពេល​បាយ។ ក្រុម​គ្រូពេទ្យ​អាមេរិក ឯកទេស​ផ្នែក​​ចំណីអាហារ​ និង​ថ្នាំ ទើប​បាន​​យល់​ព្រម​ឱ្យ​ក្រុមហ៊ុន​ឧស្សាហកម្ម​​​ចេកមាន​សិទ្ធិ​ប្រកាស​ពី​គុណ​ប្រយោជន៍​ ក្នុង​ការ​កាត់​បន្ថ​យ​គ្រោះ​តានតឹង និង​ស្ទះ​បេះដូង​ទៀតផង។ មិន​ខុស​ពី​គ្នា​នេះ​ដែរ​ការ​សិក្សា​របស់​ក្រុម​វេជ្ជសាស្ត្រ​អង់គ្លេស​ បង្ហាញ​ថា​​ទទួល​ទាន​ចេក​ជា​ប្រចាំ​​រាល់​ថ្ងៃអាច​កាត់​បន្ថយ​គ្រោះ​ស្លាប់​ ព្រោះ​ជំងឺ​បេះ​ដូង បាន​៤០%។ ចំពោះ​កុមារ​ និង​យុវវ័យ​ក្នុង​វ័យ​សិក្សា​ បរិភោគ​ផ្លែ​ឈើ​សម្បូរ​សារធាតុ​ប៉ូតាស្យូម​ ច្រើន​ដូច​យ៉ាង​ផ្លែ​ចេក​ អាច​ជួយ​បង្កើន​សមត្ថភាព​ក្នុង​ការ​ផ្ទង់​អារម្មណ៍​សិក្សា។

ក្រៅ​ពី​រ៉ែ​ប៉ូតាស្យូម ចេក​មាន​ផ្ទុក​សារធាតុ​រ៉ែ​ផ្សេង​ទៀត តួយ៉ាង កាល់ស្យូម ហ្វូស្វ័រ ម៉ាញ៉េស្យូម និង​ ស័ង្កសី។ ជាមួយ​នឹង​កំរិតសារធាតុ​​រ៉ែ​ដែក​ខ្ពស់ គ្រូពេទ្យ​តែង​ណែ​នាំ​អ្នក​ជំងឺ​ខ្វះ​ឈាម​ឱ្យ​បរិភោគ​ផ្លែ​ចេក ដើម្បី​ជួយ​ជំរុញ​ការ​ផលិត​គ្រាប់​ឈាម​ក្រហម​។

ចាស់​ទុំ​ខ្មែរ តែង​មាន​ប្រសាសន៍​ថា ចេក​ណាំវ៉ា ជួយព្យាបាល​ជំងឺ​ក្រពះ និង​ការ​បត់​ជើង។ ពាក្យ​ណែនាំ និង​ជំនឿនេះ មិន​ខុស​ទេ ហើយ​ថែម​ទាំង​មាន​ការ​ទទួល​ស្គាល់​​ដោយ​វេជ្ជសាស្ត្រ​សម័យ​ទៀត។ តើ​វេជ្ជសាស្ត្រ​ពន្យល់​យ៉ាង​ដូចម្តេច ? សារធាតុ​សរសៃ ដែល​ផ្លែ​ចេក​មាន​ផ្ទុក​យ៉ាង​ច្រើន​នោះ ជា​អ្នក​សម្រួល​ការ​ទល់​លាមក និង​ជា​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​បញ្ហា​ពោះវៀន​មួយ​ចំនួន។ បើ​ពោះវៀន​មាន​សុខភាព​មិន​ល្អ​ហើយ គឺ​មាន​តែ​ចេក​ទុំ​ ដែល​ជា​ផ្លែឈើ​អាច​បរិភោគ​បាន​ដោយ​មិន​បាច់​ចម្អិន។ ថ្វីដ្បិត​តែ​ពេលនៅ​ខ្ចី​ ចេក​សម្បូរ​ដោយ​សារធាតុ​អាស៊ីត​បន្តិច​មែន ប៉ុន្តែ​អាស៊ីត​នេះ នឹង​រលាយ​បាត់​បន្តិច​ម្តងៗ ទៅ​តាម​ភាព​ទុំ​ជោរ​នៃ​ចេក ក្លាយ​ជា​ផ្លែឈើ​ដែល​មាន​សារធាតុ​ប្រឆាំង​នឹង​អាស៊ីត​ដោយ​ធម្មជាតិ។ ដូច្នេះ​បើ​មាន​អាការៈ​ឈឺក្រពះ​ ចេក​ទុំ​ពិត​ជា​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​បាន។

ក្នុង​ទម្លាប់ប្រពៃណី​ខ្មែរ និងបណ្តាជន​រស់​នៅ​តំបន់​ត្រូពិក ទាំង​ដើម ទាំង​ស្លឹក ត្រយូង និង​ផ្លែ​ សុទ្ធ​តែ​ត្រូវ​បាន​យក​កែ​ច្នៃ ប្រើ​ប្រាស់​ និង​ធ្វើ​ជា​ម្ហូប ជា​បង្ហែម ឬ​ជា​ផ្លែឈើ ... ចំណែក​សម្បក​ចេក ដែល​អាច​ធ្វើ​មនុស្ស​រអិល​ដួល​ដោយ​ងាយ​មែន តែ​វា​អាច​ជួយ​បន្សាប​ការ​ឈឺចាប់ រោល ឬ​ហើម ពេល​មាន​សត្វ​ល្អិត​ទិច​ឬ​ខាំ ដោយ​គាន់​តែយក​​សម្បក​ចេក​មក​ញី​​ពី​លើ។

ជា​ចុង​ក្រោយ ការ​ជ្រើសរើស​ចេកប្រភេទ​ផ្សេងៗ​គ្នា​​ យក​មក​បរិភោគ​ ឆៅ ស្ងោរ ឬ​ធ្វើ​បង្អែម (ឧ. ចេក​ពង​មាន់ ឬ អំបូង​ ចេកណាំវ៉ា ញ៉ាំ​ឆៅ - ចេក​ស្នាប់​មុខ​យ​កទៅ​ស្ងោរ ។ល។ និង។ល។) មិន​មែន​ជា​ការ​ចៃដន្យ​ទេ។ អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា មាន​ប្រភេទ​ចេក​ខ្លះ មិន​សូវ​មាន​សារធាតុ​ស្ករ​ច្រើន​ទេ តែ​មាន​ផ្ទុក​ច្រើន​សារធាតុ​អាមីដុង។ ពពួក​​ចេក​ប្រភេទ​នេះ គេ​ហៅ​ថា ផ្លង់តាំង និង​ត្រូវ​តែ​ធ្វើ​ឱ្យ​ឆ្អិន​សិន​ទើប​បរិភោគ​ឆ្ងាញ់។ ប្រទេស​នៅ​តំបន់​ត្រូពិច និង​អាហ្វ្រិក​ខ្លះ​ទទួល​ទាន​ចេក​ប្រភេទនេះ​ ជំនួស​បាយ​ ឬ ដំឡូង។ នៅ​អឺរ៉ុប ទោះ​មិន​មែន​ជាទឹកដី ​ដាំដុះ​ចេក​ក៏​ពិត​មែន តែ​ចេក​គឺ​ជា​ផ្លែឈើ​​ដែល​​គេ​បរិភោគ​ជា​បង្ហែម​លាង​មាត់​ក្រោយ​បាយ ច្រើន​ជា​ទី​បំផុត៕
Source: នាទី​សុខភាព​និង​អនាម័យ​ដោយ អៀង សុខម៉ិញ @RFI